នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក Chantola Narith បានប្រាប់ឲ្យដឹងថា៖ “ដើម្បីដឹងនូវមហាព្រះទិគុណ និងការលះបង់យ៉ាងធំធេងរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ចំពោះរបាំក្បាច់បុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ លោកជំទាវ អ៊ូ ធីតាពៅ និងសហការ ជាមួយលោកសាស្ត្រចារ្យ របាំក្បាច់បុរាណខ្មែរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសម្តែងល្ខោនក្បាច់បុរាណ ឬល្ខោនព្រះរាជទ្រព្យ រឿង “ព្រះអនុរទ្ធនាងឱសា” ដើម្បីឧទ្ទិសស្នាដៃនេះថ្វាយព្រះវិញ្ញណក្ខន្ធ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាពិសេសជូនប្រជាពលរដ្ឋបានទស្សនា និងស្គាល់គ្រប់គ្នា ថាតើរបាំព្រះរាជខ្មែរ ឬរបាំក្បាច់បូរាណខ្មែរ អស្ចារ្យបែបណា។”។
សូមរំលឹកបន្តិចថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យ ព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ ហើយ នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរដល់សាលាធម្មសភា នៃវត្តបុទុមវត្តី ហើយ ព្រមទាំងមានកាអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បករ សិល្បការិនី បានមកចូលរួមយ៉ាងច្រើនកុះករ លាយឡំជាមួយទឹកមុខយ៉ាងស្រងួតស្រងាត់បំផុត៕